សមាគមកាយនារីឬទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ ប្រមាណ២៤៣នាក់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដោយមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សមាជិកបំពាក់ កន្សែង សមាជិកគាំទ្រ សមាជិកសកម្ម និងភ្ញៀវកិត្តិយសជាច្រើនរយនាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឬទ្ធិកម្ពុជា គឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់សមាជិកាសមាជិកសកម្ម និងគាំទ្រដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈសមាគមកាយឬទ្ធិនារីកម្ពុជា។
លោកជំទាវ បានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍន៍ថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត។

គួរបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមបានធ្វើសកម្មភាពជាច្រើន និងបានចុះសំណេះសំណាលសួរសុខទុក្ខសមាជិកា សមាជិកតាមបណ្តាខេត្ត និងបង្រៀនសម្ដែងរបាំប្រពៃណីរបស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូលសមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗជាច្រើនទៀត។
បន្ទាប់ពីប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំស្នងការ កុមារី យុវតី និងសមាជិកា សមាជិកសមាគមដាំដើមឈើនៅមុខប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលផងដែរ៕




