អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបានឲ្យដឹងថា តម្លៃជ័រកៅស៊ូនៅដើមឆ្នាំ២០២២ ជាមធ្យមលក់បានតម្លៃ ១,៥៩៤ដុល្លារក្នុងមួយតោន ថយចុះចំនួន ៤២ ដុល្លារ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។
បើតាមអគ្គនាយកកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។
របាយការណ៍បានបញ្ជាក់ថា ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។
គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕