កម្ពុជា-ជប៉ុន រៀបចំអនុវត្តន៍គម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែប្រសើរឡើង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) បានកំពុងជំរុញរៀបចំគោលនយោបាយ ដើម្បីជំរុញធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសើរជាងមុន។ នេះបើតាមកិច្ចកិច្ចប្រជុំប្រចាំខែលើកទី៩ នៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ ដែលរៀបចំឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារគម្រោង និងអ្នកជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានបើកកិច្ចពិភាក្សាគ្នានេះឡើង គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅ សកម្មភាពដែលត្រូវអនុវត្ត បន្តលើការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លោកជំទាវបន្តថា អង្គប្រជុំនេះ ក៏បានពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងសកម្មភាពការងាររបស់ក្រុមការងារភស្តុភារកម្ម បៃតង ក្រុមការងារមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ក្រុមការងារខ្សែសង្វាក់ត្រជាក់ ក្រុមការងារទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ ក្រុមការងារតាមដាន និងវាយតម្លៃ និងក្រុមការងារការធ្វើឱ្យប្រសើរឡើងច្រក ទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន និងការដឹកជញ្ជូនតាមព្រំដែនផងដែរ។

បើតាមកិច្ចប្រជុំខាងលើ ការខិតខំប្រឹងប្រែងរៀបចំតាក់តែងគោលនយោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងភស្ភុភារកម្ម ការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនរវាងកម្ពុជា និងជប៉ុននាពេលនេះ គឺសំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានឆាប់រហ័សគ្មានការកកស្ទះ។

គួររម្លឹកដែរថា កាលកាលពីថ្ងៃទី ៦ មេសាកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យព័ស្ដុភារកម្មរវាងកម្ពុជា និងប្រទេសជិតខាង។

ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់ឆ្លងកាត់ព្រំដែននេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ថែមទៀត៕
អត្ថបទ៖រង្សី