គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ បានបើកប្រជុំពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ក្រោមវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបានព្រឹទ្ធសភាកម្ពុជាចាត់ទុកថា មានសារៈសំខាន់ខ្លាំង និងចាំបាច់ ក្នុងការជំរុញកសិកម្មជឿនលឿន។
លោកបន្តថា ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនេះមានសារៈសំខាន់ណាស់ និងចាំបាច់បំផុតដើម្បីជួយកសិករ ក្នុងការដាំដុះ ការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យបានត្រឹមត្រូវ តាមស្តង់ដារដែលទីផ្សារប្រទេសធំៗត្រូវការ។
បើតាមលោក ម៉ម ប៊ុននាង ប្រមុខរាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ណាស់ ក្នុងការរៀបចំច្បាប់នេះឱ្យបានឆាប់ ដើម្បីជួយដល់ប្រជាកសិករ ដើម្បីកែប្រែពីកសិកម្មដូចរាល់ថ្ងៃនេះ ឱ្យក្លាយទៅជាកសិកម្មជឿនលឿន ហើយអាចនាំទៅបណ្តាប្រទេសណាក៏បានដែរ ដោយយើងអនុវត្តតាមច្បាប់ ហើយយើងមានច្បាប់ ហើយគេពិនិត្យភូតគាមអនាម័យនេះ បានល្អត្រឹមត្រូវហើយយើងប្រើជី ក៏ដូចជាយើងប្រើថ្នាំទៅតាមស្តង់ដារដែលបណ្ដាប្រទេសនានាគេប្រើ ដើម្បីជំរុញការនាំចេញទៅបាន។
សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់នេះ គឺបានកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក និងការឆ្លង រាតត្បាតពីសំណាក់សមាសភាពចង្រៃ។
លើសពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏ជាការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ សម្រាប់ការសម្រួលការធ្វើពាណិជ្ជកម្មផងដែរ៕