ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធគយចូលក្នុងថវិកាជាតិ បានចំនួន៥៩៧.៦លានដុល្លារអាម៉េរិក ។ តួលេខនេះត្រូវជាប្រមាណ២៣.២ភាគរយនៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមលទ្ធផលបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។
ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៣៨.៩ភាគរយ នៃចំណូលសរុប អាករពិសេសមានចំនួន ៣៦.៨ភាគរយនៃចំណូលសរុប ពន្ធគយមានចំនួន ១៨ភាគរយ នៃចំណូលសរុប អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤.២ភាគរយនៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ២.២ភាគរយ នៃចំណូលសរុប។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ៤២.២ភាគរយនៃចំណូលសរុប ទំនិញចម្រុះមានចំនួន ២៩.២ភាគរយនៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ២២.៨ភាគរយនៃចំណូលសរុប និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥.៩ភាគរយនៃចំណូលសរុប។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ ព្រមទាំងការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។
ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាព លោក គុណ ញឹម ក៏បានក្រើនរម្លឹកអោយផ្តោតជាចំបងលើការងារសំខាន់ៗ ដូចជា ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយនិងពង្រីកបន្ថែមទៀតនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ការពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ការពិនិត្យឡើងវិញនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ កិច្ចសហការជាមួយក្រសួងស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងប្រតិបត្តិការការងារគយ ជាដើម៕