រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រឡងអនុវត្តន៍បញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈជំនាញចុងភៅវគ្គទី១ នាព្រឹកថ្ងៃពុធ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីមានការប្រឡងវគ្គទ្រឹស្ដីកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ រយៈពេល ៦០នាទីរួចមកហើយ។

បើតាមទំព័រហ្វេសបុកលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា ក្នុងការប្រឡងនេះមានបេក្ខជន ១០រូប បានចូលរួមដែលជាសិក្ខាកាមទទួលបានកាបណ្តុះបណ្តាលរយៈពេល ២ខែ លើមុខម្ហូប ៣៦មុខ រួមមាន៖ ម្ហូបអឺរ៉ុប អាស៊ី និងអ៊ីតាលី ដែលត្រូវចែកជាពីរវគ្គ។

វគ្គទី១ សិក្ខាកាម ត្រូវរៀបចំចម្អិនម្អូប២មុខ (ក្តៅ និង ត្រជាក់) ដើម្បីដាក់ជូនគណៈកម្មការ វាយតម្លៃ និងផ្តល់យោបល់។ វគ្គទី២ សិក្ខាកាមនឹងដាក់បង្ហាញមុខម្ហូបដែលខ្លួនបានរៀបចំ ហើយធ្វើបទបង្ហាញលើអត្ថន័យនៃម្ហូបរបស់ខ្លួនជូនគណៈកម្មការវាយតម្លៃ។
ការប្រឡងនេះ ក៏មានគណៈកម្មការ ៣រូប ចូលរួមដូចជាលោកគ្រូ ស័រ សំអាង ជាគ្រូបង្គោល លោក សែន ឫទ្ធី ជាប្រធានចុងភៅ នៃសណ្ឋាគារ The Plantation Urban Resort & Spa និង លោក សុង តេង ជាប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្រៅពីការបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជាក៏មានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ ក្រឡុកស្រា ក្រឡុកផ្លែឈើ និងឆុងកាហ្វេផងដែរ៕





