ព្រឹទ្ធសភា អនុម័តយល់ព្រមច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ដើម្បីបង្កើតផលប្រយោជន៍ដល់វិស័យឯកជន

សង្គម​ និង​សេដ្ឋកិច្ច

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសានេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានបង្ហាញខ្លឹមសារសំខាន់នៃការរៀបចំច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” គឺដើម្បីការការពាររាល់កសិផល និងរុក្ខជាតិនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា និងជា ពិសេសជំរុញ និងលើកកម្ពស់សមត្ថភាពនាំចេញកសិផល ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចូល។

ក្នុងនាមរាជរដ្ឋាភិបាល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃថា សេចក្តីព្រាងច្បាប់នេះជាធាតុចូលដ៏មាន តម្លៃសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្កើតបានជាប្រយោជន៍សម្រាប់ប្រជាកសិករទូទៅ វិស័យឯកជន និងមន្រ្តីជំនាញក្នុងការលើកកម្ពស់សមត្ថភាពត្រួតពិនិត្យ និងវាយតម្លៃអំពីគុណភាព និងសុវត្ថិភាពលើរាល់ផលិតផលកសិកម្មទាំងការនាំចូល និងការនាំចេញ។