សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA Bank ដែលចុះហត្ថលេខាធ្វើឡើងដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និង CEO ធនាគារ ABA លោក Askhat Azhikhanov នៅថ្ងៃទី២០ ខែមេសានេះ។
ថ្លែងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់នោះ លោក ហ៊ុន ម៉ាណែត បានស្នើឱ្យធនាគារ ABA ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានឱកាសចុះធ្វើកម្មសិក្សាសាកល្បងការងារតាមជំនាញរបស់ពួកគេ ដើម្បីផ្ដល់ឱកាសឲ្យសិស្សនិស្សិតមានបទពិសោធន៍ និងការងារជំនាញរបស់ខ្លួនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។
លោកថ្លែងថា បើទោះបីជាធនាគារ ABA ជាក្រុមហ៊ុនឯកជនរកប្រាក់ចំណេញក្តី ប៉ុន្តែយើងមានបេសកកម្មសង្គមស្រដៀងគ្នាក្នុងការចូលរួមសកម្មភាពមនុស្សធម៌មនុស្សតាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះបានផ្ដល់លទ្ធភាពឲ្យសមាគម TYDA បញ្ជូនកម្លាំងស្ម័គ្រចិត្តដែលមានជំនាញ ទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងបានផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានសូមថ្លែងអរគុណចំពោះធនាគារ ABA ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគម TYDA និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងរយៈពេល១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
លើសពីនេះ ធនាគារ ABA ក៏បានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក្នុងរយៈពេល១ឆ្នាំជូនសមាគមសិស្សនិស្សិតអាហារូបករណ៍ AMT ក្នុងការផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ៕