អាជ្ញាធរខេត្តកណ្តាល បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយដល់យុវជនយល់ដឹងពីសុវត្ថិភាពចំណីអាហារ។
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលបានឲ្យដឹងថា ការរៀបចំវេទិកានេះគឺមានគោលបំណងបង្កើនការយល់ដឹងដល់យុវជនពីមូលដ្ឋានលើទិដ្ឋភាពទូទៅពីសុវត្ថិភាពចំណីអាហារ។
លោកអភិបាលរងខេត្តបានឲ្យដឹងថា តាមរយៈការចូលរួមផ្សព្វផ្សាយនេះនឹងជួយឲ្យប្រជាពលរដ្ឋទូទៅផ្លាស់ប្ដូរឥរិយាបថមកទទួលទានអាហារ ដែលមានសុវត្ថិភាពនិងអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់និងចម្រុះមុខដូចជា បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុតដើម្បីឱ្យរាងកាយលូតលាស់បានល្អមានសុខភាពល្អនិងបង្កើនប្រសិទ្ធភាពការងារផងដែរ។
លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍កសិកម្មនិងជនបទមានប្រសាសន៍ថា អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាផងដែរ។ ទារក កុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់និងមនុស្សដែលមានជំងឺប្រចាំកាយគឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពចំណីអាហារនេះ ។
អង្គការសុខភាពពិភពលោក ក៏បានក្រើនរំលឹកផងដែរថាជារៀងរាល់ឆ្នាំមានកុមារជាង 220 លាននាក់កើតជំងឺរាគរូសហើយកុមារជាង 96 ពាន់នាក់បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។
លោក សុខ ស៊ីឡូ បានលើកពីគ្រោះថ្នាក់នៃចំណីអាហារគ្មានសុវត្ថិភាព បានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាគរូសនិងបញ្ហាកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដោយស្ថានភាពរបស់ជនងាយរងគ្រោះបំផុត៕