រដ្ឋមន្រ្តីបរិស្ថាន រំពឹងថា១០ឆ្នាំទៀតកម្ពុជានឹងពោរពេញដោយធន​ធាន​មនុស្សដែលមានជំ​នាញ​បច្ចេក​ទេ​សនិ​ងទេព្យកោសល្យខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញក្តីរំពឹងថា ក្នុងរយៈពេល​១០ឆ្នាំ​ខាង​មុខ​នេះ ចេញពីការខិតខំប្រឹងប្រែង ក្រោមម្លប់នៃសន្តិភាព និងឈរលើស្មារតីខ្មែ​រធ្វើ​បាន កម្ពុជា​នឹងពោរពេញ​ដោយធន​ធាន​មនុស្សប្រកប​ដោយជំនាញបច្ចេកទេស និងទេព្យ​កោសល្យខ្ពស់​ដើម្បីជាចលករក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្តីរំពឹងរបស់លោករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងនៅក្នុង​ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន សូ​ហ្វ៊ែរ​ឧស្សាហកម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី, វិទ្យាស្ថានបច្ចេកចិទ្យាកម្ពុជា, បណ្ឌិតសភាបច្ចេក វិទ្យា ឌី ថលកម្ពុជា និងសាលា ស្ទីមមីង ខេមបូឌា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

លោក សាយ សំអាល់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ​គ្រប់ភាគីពា​ក់​ព័ន្ធ​ដែល​បាន​​និងកំពុងខិតខំប្រឹងប្រែងជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ​សង្គម​កម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងធ្វើសមាហរណកម្មទៅក្នុងយុគសម័យបដិវត្តន៍​ឧស្សាហកម្មជំនាន់ទី៤ (ឧស្សហកម្ម ៤.០)។

លោក សាយ សំអាល់ បានលើកឡើងថ អនុស្សរណៈនៃការយោគយល់ គឺជាការចាប់​ផ្ដើមថ្មី​នៃ​ការនាំយកនូវបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងការកសាងធនធានមនុស្ស ដែលជា​កាតា​លីករ​សំខាន់​ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាម​រយៈការរួមចំណែកបង្កើនផលិតភាព​និងប្រសិទ្ធភាព​ការ​ងារ និងប្រែក្លាយកម្ពុជាពីប្រទេស​កសិ​កម្ម និងឧស្សហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្ម​ទំនើប​ជឿនលឿន។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមគ្នា​ប្រកប​ដោយ​ភាពរស់រវើក ដោយបានរួមបញ្ចូលទស្សនៈ គោលជំហរ ឆន្ទៈ និងការប្ដេជ្ញាចិត្ត ដើម្បីលើ​កកម្ពស់វិស័យ​បច្ចេកវិទ្យា​និងវិទ្យាសាស្រ្ត។

ជាមួយគ្នានោះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើក​ឡើង​នូវចំណុចគន្លឹះថា ការកសាងធនធានមនុស្សគឺជារឿង​សំខាន់បំផុតក្នុងការ​ឈានឆ្ពោះ​ទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

លោក ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុន សូហ្វ៊ែរឧស្សាហ​កម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី ដែលបានខិតខំប្រឹងប្រែងឲ្យសម្រេចបានកិច្ចសហប្រតិ្តការនេះ ដែលជាការចាប់ផ្ដើមថ្មីដ៏សំខាន់នៃភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីរួមចំណែក​ក្នុងការ​អភិវឌ្ឍធនធានមនុស្ស លើជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល។ ​ដើម្បីឲ្យការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថលផ្តល់ផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គនៃសង្គម “គោល​នយោបាយ​សេដ្ឋកិច្ចនិ​ងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀប​ចំឡើងដោយមានសសរស្ដម្ភចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីថល និងធុរកិច្ចឌីជីថល។

គួរបញ្ជាក់ថា តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុន សៀមិនស៍ នឹងផ្តល់ជូននូវកញ្ចប់សូហ្វ៊ែរដែល​មាន​អជ្ញា​ប័ណ្ណ​ (License software) ធនធានសម្ភារ:បណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់​ក្រសួង​បរិស្ថាន ដើម្បីផ្តល់ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យា​ឌីជីថល​កម្ពុជា តាមរយ:ការជួយគាំទ្រសម្របសម្រួលផ្នែកដំបូន្មានបច្ចេកទេស និងការបណ្តុះ​បណ្តាលពី software ពីសាលា ស្ទីមមីង ខេមបូឌា។ និស្សិត ដែលមកពីសាកលវិទ្យាល័យ​ដៃគូទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាល, ការប្រើប្រាស់សូហ្វ៊ែរដែលមានអជ្ញាប័ណ្ណ និងការប្រឡង​យកសញ្ញាបត្របញ្ជាក់សមត្ថភាពស្តង់ដាផងដែរ ក្រោមការជួយឧបត្ថម្ភពី​ក្រសួងបរិស្ថាន៕