លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា បាន ជួបពិភាក្សាការងារជាមួយលោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌតំបន់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញរបស់ប្រទេសទាំងពីរ។

តាមរយៈហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរថា ក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនោះ ភាគីទាំងពីរបានពិភាក្សារកវិធីសាស្រ្តជំរុញការអនុវត្តគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន (Cross Border Facilities) នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងដាក់ឱ្យដំណើរការច្រកទ្វារព្រំដែននេះឱ្យបានឆាប់ប្រកបដោយប្រសិទ្ធភាពសំដៅសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ការបើកច្រកទ្វារព្រំដែនផ្សេងទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនការតភ្ជាប់ បង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ភាគីកម្ពុជា ថៃ ក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍធនធានមនុស្ស ដោយភាគីថៃបានសម្តែងការគាំទ្រដល់ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងមានបំណងគាំទ្រការបណ្តុះបណ្តាលទៅតាមសំណើរបស់វិទ្យាស្ថានផងដែរ។

ថ្លែងទៅកាន់ភាគីថៃ លោក ស៊ុន ចាន់ថុល លើកឡើងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាងប្រទេសទាំងពីរ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះជួយជំរុញដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។
លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីថៃ ដែលបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលគម្រោងទាំងពីរនេះ នឹងជួយសម្រាលដល់ការកកស្ទះនៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃប្រើរួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រាស់នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជា ៕


