រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុប១៣រូប។
នៅក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានកំណត់ភារកិច្ចគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដូចជា៖
-រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ
– អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ
-ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន
-រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់
-ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ហាការឯកភាពខេត្តជុំវិញបឹងទន្លេសាប
-ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
-ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។
សេចក្តីសម្រេច ក៏តម្រូវអោយអនុប្រធាន និងសមាជិកគណៈកម្មការត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការ។ ក្នុងករណី ប្រធានគណៈកម្មការអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដើម្បីដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការបាន។
គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួងនេះ និងមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បី បំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់ ៕