កម្ពុជា សម្រេចឲ្យអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ចាប់ផ្តើមការហោះហើរសាកល្បងរយៈពេល ១សប្តាហ៍ ដើម្បីពិនិត្យសុវត្ថិភាពនៃផ្លូវរត់ជើងហោះហើរ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ នេះបើតាមផេកផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ។
ថ្ងៃទី២២ ខែមេសានេះ គឺជាថ្ងៃទី ៤ហើយ ដែលក្រុមការងារអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ចាប់ផ្តើមហោះហើរសាល្បង( Flight validation) ខណៈដែលក្រុមហ៊ុនធ្លាប់ប្រកាសដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលវិញ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ រូបរួមជាមួយនឹងបញ្ហាអាកាសធាតុផងដែរ។
អាកាសយានដ្ឋាននេះ មានទីតាំងនៅស្រុកគិរីសាគរ និងស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង មានប្រភេទ 4E និង 4F ដែលមានសមត្ថភាពចុះចតយន្តហោះធំៗ ដូចជាយន្តហោះ Airbus A-350-900 និង Boeing B777 ជាដើម។
អាកាសយានដ្ឋានតារាសាគរ គឺជាដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២១៨ ហិកតា និងមានដីបំរុងចំនួន ១,០០០ ហិកតាសម្រាប់ការអភិវឌ្ឍន៍ ជាមួយនឹងថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដែលទទួលការអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group។
កន្លងមក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានរំពឹងទុកថានឹងទទួលអ្នកដំណើរចំនួន ៧ លាននាក់ និងទំនិញចំនួន ១០,០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយបន្តបង្កើនអ្នកដំណើរចំនួន ២០ លាននាក់ និងទំនិញចំនួន ៦០,០០០ តោនក្នុងមួយឆ្នាំ ពីឆ្នាំ ២០៣០-២០៥០៕
សូមទស្សនាវីដេអូខាងក្រោម៖