នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសាស្អែកនេះ។
នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុន វត្តមាននៃការដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ឯកឧត្តមអនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។
ដោយឡែក នៅសណ្ឋាគារ Kumamoto Castle វត្តមាននៃការដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ប្រមាណ ជាង១០០នាក់៕