សិស្សនិទ្ទេសAទាំងជាង១៧០០នាក់ នឹង​ជួបសម្តេច ហ៊ុន សែន នៅ​ថ្ងៃទី០៣ ឧសភា

សង្គម​ និង​សេដ្ឋកិច្ច

ប្រសិនគ្មានការប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាត​ឱ្យបេក្ខជន និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៧ ធ្នូ ២០២១ និងនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេស A ចូលជួបសំដែងការគួរសម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរ​ជាតិ​ជ្រោយចង្វារ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។ នេះបើយោងលិខិតរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ទៅកាន់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួល​បាននិទ្ទេស A មានចំនួន១៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥ ២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២​នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះ​បេក្ខជន​មកពីរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕