តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
ក្នុងជំនួបទ្វេភាគីរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ភាគីកម្ពុជា និងឥណ្ឌា បានប្តេជ្ញាជំរុញដល់កិច្ចសហប្រតិបត្តិការលើផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ប្រទេសទាំងពីរ ឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ប្រធានរដ្ឋសភាកម្ពុជានិងឥណ្ឌា បានឯកភាពគ្នាក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឥណ្ឌា ក៏បានសម្តែងក្តីសប្បាយរីករាយជាទីបំផុត ចំពោះសមិទ្ធផល ជាច្រើន កើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាប្រវត្តិសាស្ត្រនៅក្នុងរយៈពេល៧០ឆ្នាំ មកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។
សម្ដេចពញាចក្រី ហេង សំរិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភា នាពេលនេះ ពិតជាជំរុញដល់រដ្ឋាភិបាលឥណ្ឌ អនុវត្តការអភិរក្សបេតិកភណ្ឌតំបន់អង្គរ និងបេតិកភណ្ឌតំបន់ព្រះវិហារ ដោយសារឥណ្ឌា ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិស្តារ និងអភិរក្សប្រាសាទព្រះវិហារ ។
ជាការឆ្លើយតប ឯកឧត្តម អំ បឺរឡា បានទទួលសំណើរបស់ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងបានសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេច តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាពេលក្រោយបន្ថែមទៀត។
ក្រោយពីជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃនេះ ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នឹងចូលជួបសវនាការជាមួយ សម្ដេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មក នៅថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូនឹងអញ្ជើញធ្វើដំណើរទៅខេត្តសៀមរាបដើម្បីទស្សនាប្រាសាទនានាផងដែរ ៕