លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាប្រធានដឹកនាំអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បន្ទាប់ពីដាក់ចេញអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្រេចប្រគល់ភារកិច្ចឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិកចំនួន ៣៥រូប។

ក្នុងនោះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន ខណៈដែលរដ្ឋមន្រ្តីក្រសួងជាសមាជិកចំនួន ៧រូបទៀត រួមមាន៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោក ជា វ៉ាន់ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល។

ជាមួយគ្នានេះ លោក ទៀ សីហា ដែលជាអភិបាលខេត្តសៀមរាប ក៏ត្រូវបានតែងតាំងជាសមាជិកប្រចាំការផងដែរ។

ការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ គឺដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។

បើតាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម៖

១៖ តំបន់ឧទ្យានជាតិភ្នំគូលែន
២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
៣៖ តំបន់បេតិកភណ្ឌអង្គរ
៤៖ តំបន់ក្រុងសៀមរាប
៥៖ តំបន់បឹងទន្លេសាប
៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី។