រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ទាក់ទងនឹងការសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់។
ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា ការធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការតភ្ជាប់ដោយរលូន នឹងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោក។
កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមានទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែកម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ។
បើតាមលោករដ្ឋមន្រ្តីស៊ុន ចាន់ថុល ការអភិវឌ្ឍផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន៕