មន្រ្តី​កម្ពុជា​មក​ពី ១៣ ស្ថាប័ន ជួបពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មបាន​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិភាក្សានិងប្រមូលធាតុចូលលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែល​បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដែល​មាន​ការ​ចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ១៣ ស្ថាប័ន បាន​លើក​ថា ក្នុងអំឡុងជំនួបរវាងក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ភាគីទាំងពីរបានគាំទ្រឱ្យមានការបង្កើតលិខិត​តុបករណ៍ ដើម្បីប្រើប្រាស់ជាក្របខណ្ឌរៀបចំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ សំដៅពង្រឹងភាពជាដៃគូ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ។

លោក ពេជ ឫទ្ធី បាន​បន្ត​ថា ការផ្តួចផ្តើមនេះគឺស្របតាមស្មារតីនៃជំនួបសម្តែងការគួរសម រវាងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

លោក​រដ្ឋលេខាធិការ​ក៏​បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងខាងលើនឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវ័ន្ត សម្រាប់កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតនាពេលអនាគត តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមកនូវសក្តានុពលសេដ្ឋកិច្ច ការធ្វើពិពិធកម្មពាណិជ្ជកម្មនិងទីផ្សារការនាំចេញក្នុងតំបន់មជ្ឈឹមបូព៌ា និងការជំរុញវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ សំដៅចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមបញ្ជាក់ថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, ធនាគារ, កសិកម្ម, ឧស្សាហកម្ម, រ៉ែ និងថាមពល, ទូរគមនាគមន៍, អប់រំ, ទេសចរណ៍ និងហាឡាលជា​ដើម​៕