ប្រមុខដឹកនាំប្រទេសកម្ពុជានិងឡាវបានជួបពិភាក្សាគ្នា មុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានលើកស្នើពីគម្រោងសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដែលនឹងបង្កើតទំនាក់ទំនង ផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។ បើតាមប្រមុខថ្នាក់ដឹកនាំឡាវ ទាក់ទងនឹងគម្រោងសាងសង់ស្ពាននេះក៏នឹងរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវ មុនឈាននឹងសម្រេចជាមួយភាគីកម្ពុជាក្នុងការស្ថាបនាស្ពាននេះឡើង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុតតាមរយៈមានស្ពានតភ្ជាប់គ្នា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ទាក់ទងគម្រោងសាងសង់ស្ពាននេះដែរ កន្លងទៅអភិបាលខេត្តព្រះវិហារនិងអភិបាលខេត្តចំប៉ាសាក់របស់ឡាវ បានចុះទៅពិនិត្យទីតាំងសង់ស្ពានឆ្លងទន្លេល្ពៅ។ បើតាមប្រភពពីអាជ្ញាធរខេត្តព្រះវិហារ គម្រោងសាងសង់ស្ពានឆ្លងប្រទេសនេះ មានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ស្ពានដែលគ្រោងសាងសង់នេះមានប្រវែងជាង ១០០ ម៉ែត្រ ទទឹងជាង ១០ ម៉ែត្រ៕