រដ្ឋមន្រ្តី សម្ពោធឲ្យប្រើប្រាស់រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ តម្លៃ ១៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ចូលរួមសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ តម្លៃ ១៥លានដុល្លារអាមេរិក លើផ្ទៃដីចំនួន ៧១៥៤ម៉ែត្រការ៉េដែលមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ នៅខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។

បើតាមលោក ចាន់ គឹមរិទ្ធី អគ្គនាយក ឌី ហឹស្ស ធីអិមអេច បានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនរួមទុនថ្មីមួយ។

លោកថ្លែងថា ជាឆន្ទ:ចំបងរបស់ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយ ឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ ជាការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

លោកគូសបញ្ជាក់ថា ភ្ជាប់ទៅនឹងភាពជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងវ័យជាង ១០ឆ្នាំនៃអាយុអាជីវកម្មនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។

សូមជម្រាបជូនថា ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក។ នៅកម្ពុជា ក្រុមហ៊ុនមានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។

លើសពីនេះ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀតដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ៕