នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសានេះ កម្ពុជានឹងទទួលបានអំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។
ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ក្រោមវត្តមានសម្តរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។
វ៉ាក់សាំង Covid 19 ប្រភេទអាស្ត្រាហ្សេនីកានេះ បានដឹកមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ហើយវ៉ាក់សាំងនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការចាក់ជូនដល់ប្រជាពលរដ្ឋជាដូសជំរុញ។ ការចាក់វ៉ាក់សាំងកូវីដ១៩ វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ សម្រាប់ប្រទេសកម្ពុជា ដែលធ្វើប្រជាជនកម្ពុជា មានភាពសុំា រហូតដល់មានការសម្រេចលុបចោល កាតាព្វកិច្ចពាក់ម៉ាស នៅខេត្តចំនួន៤នាពេលថ្មីៗកន្លងមកនេះផងដែរ ។
យោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លទ្ធផលចាក់វ៉ាក់សាំង គិតចាប់ពីអាយុចាប់ពី៣ឆ្នាំឡើងទៅ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៩៣,០៤%។