រដ្ឋបាលបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅ បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយស្ពានថ្មីមួយនេះមានតម្លៃជាង ៥០ម៉ឺនដុល្លារ។

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ខាងលើមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសប្បុរសជន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ។

សូមជម្រាបផងដែរថា ស្ពានថ្មថ្មីដែលបានធ្វើពិធីក្រុងពាលីនាឱកាសនេះមានប្រវែងបណ្តោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមតាមស្ពានថ្មចាស់ និងសាងសង់នៅប៉ែកខាងត្បូង(ប៉ែកខាងលើ)គម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។
ប្រភពពីអ្នកជំនាញផ្នែកសាងសង់នៅពិធីបញ្ចុះបឋមសិលាកាលពីម្សិលមិញបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកល្បីឈ្មោះមួយ ថា ស្ពានថ្មនេះមានតម្លៃជាង៥០ម៉ឺនដុល្លារ ខណៈអភិបាលរងខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយរឿងតម្លៃទេ។

សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញពីការលំបាកការធ្វើចរាចរណ៍ និងការកកស្ទះចរាណ៍ ជាពិសេសនៅពេលមានពិធីបុណ្យផ្សេងៗនៅក្នុងក្រុងបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានគៀរគរសប្បុរសជន ដើម្បីចូលរួមសាងសង់ស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងសង្កែនៅក្បែស្ពានថ្មចាស់នេះ ដែលការសាងសង់នេះគឺចំណាយថវិកាពីការចូលរួមរបស់សប្បុរសជន ។

កន្លងមកអាជ្ញាធរខេត្តក៏មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស និងមានការសំណូមពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តបាត់ដំបង នៅតាមបណ្តាញសង្គមឱ្យមានការជួសជុល និងអភិរក្សស្ពានថ្មចាស់ដែលមានអាយុជាង១០០ឆ្នាំនោះ និងឲ្យមានការសាងសង់ស្ពាថ្មថ្មីនៅក្បែនោះ ព្រមទាំងយកលំនាំដើមតាមស្ពានថ្មចាស់ ។

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ ។
ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង