ទោះបីបុណ្យចូលឆ្នាំបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើន។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២។
លោកបានឲ្យដឹងថា នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៣២៧ ២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១ ៥៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៥ ៧១៩នាក់។
បើតាមលោករដ្ឋមន្រ្តី បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើន។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់ ខេត្តបាត់ដំបង ៤១,៦៦៧នាក់ ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់ រាជធានីភ្នំពេញ ៣០,៨៩៥នាក់ ខេត្តកំពត ២៦,៦៤៤នាក់ ខេត្តកែប ២៥,២៨៥នាក់ ខេត្តសៀមរាប ២២,៦៩៣នាក់។
ចំនួនភ្ញៀវប្រមាណជិត ៣៣ ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់៕