សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ។
ការអំពាវនាវរបស់សម្ដេចក្រឡាហោម បែបនេះធ្វើឡើងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង ក៏បានប្រាប់ដល់អាជ្ញាធរអោយបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងការបែងចែកក្រុម បក្ខពួក ឬនិន្នាការនយោបាយ។
សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធឱ្យមានការខិតខំឱ្យបានកាន់តែច្រើនថែមទៀតដល់ការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលចាត់ទុកថាជាគោលនយោបាយមួយដែលផ្សារភ្ជាប់ នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា តួអង្គសំខាន់ៗ ដើម្បីធ្វើឱ្យភូមិ ឃុំមានសុវត្ថិភាព គឺជាកម្លាំងសមត្ថកិច្ច មន្ត្រីប៉ុស្តិ៍នគរបាល ប្រជាការពារដែលត្រូវតែបន្តប្រឹងប្រែងធ្វើការហ្វឹកហាត់ ស្វែងរកការឧបត្ថម្ភគាំទ្រ ។ បន្ទាប់ពីមានការចូលរួមពីកម្លាំងសមត្ថកិច្ចហើយនោះ ក៏ត្រូវការ ការចូលរួមផងដែរពីសំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីសេចក្តីសុខទាំងអស់គ្នា យ៉ាងហោចណាស់ក៏បានចូលរួមផ្តល់ជាព័ត៌មានពីមុខសញ្ញាអ្នកជួញដូរ នឹងចែកចាយគ្រឿងញៀនផងដែរ៕