ក្រុមហ៊ុន King Technologies Co., Ltd. (OPENNET) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងដល់អតិថិជនដែលជួបប្រទះបញ្ហារអាក់រអួល ឬមិនដំណើរការ ឬអតិថិជនមានបំណងចង់ជាវថ្មី ឬចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 015 633 999 ឬ អាចទៅទំនាក់ទំនងផ្ទាល់នៅតាមសាខារបស់ក្រុមហ៊ុនទាំង ៩ សាខា ក្នុងរាជធានីភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ដោយសារមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អភិបាលបណ្តោះអាសន្នបានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន OPENNET ឱ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាពនៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន។
គួរបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត King Technologies ដែលគេស្គាល់ថា Opennet ត្រូវបានក្រសួងប្រៃសណីយនិងទូរគមនាគមន៍រកឃើញថា ជាប់បំណុលរដ្ឋជាង ៦ លានដុល្លារពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។
យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ។
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្រុមហ៊ុន Kingnet Technology (Opennet) នៅតែមានកាតព្វកិច្ចសងបំណុលរបស់ខ្លួនជូនរដ្ឋ។ ក្នុងករណីដែលក្រុមហ៊ុនបន្តគេចវេសពីការសងបំណុលរដ្ឋ ក្រសួងទាំងពីរនឹងចាត់វិធានការផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុន និងអនុវត្តមាត្រា ៧៨ នៃច្បាប់ទូរគមនាគមន៍ ក៏ដូចជាវិធានការផ្សេងទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕