លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា អូស្ត្រាលី នឹងជួយរាជធានីភ្នំពេញ លើការសិក្សាបន្ថែមសម្រាប់អភិវឌ្ឍន៍ប្រែក្លាយជាទីក្រុងវ័យឆ្លាត ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដូចនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
លោក ប៉ាប្លូ កាង បានកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអរគុណចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សាទៅលើការរៀបចំនៅទីក្រុងវៃឆ្លាត អោយរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី ។ រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដាលីឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ។
គួរបញ្ជាក់ថា ក្រៅពីបង្ហាញជំហរជួយរាជធានីភ្នំពេញ សិក្សាបន្ថែមលើការអភិវឌ្ឍទៅជាទីក្រុងវ័យឆ្លាត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្ពុជាបានយ៉ាងល្អ ដែលធ្វើអោយជម្ងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។
ជាពិសេស សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះមានលក្ខណៈធូស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ ៕