ក្រុមហ៊ុនអចលនទ្រព្យ GC Property បើកដំណើរការសាកល្បងនៅកម្ពុជា ស្ថិតនៅលើផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ គឺជាផ្នែក១ របស់ GCC គ្រុបមកពីហុងកុង ដែលមកវិនិយោគនៅកម្ពុជាអំឡុងឆ្នាំ២០១៥។
ក្នុងរយៈពេល ជិត៧ឆ្នាំមកនេះ ក្រុមហ៊ុន GCC ទទួលបានភាពជោគជ័យជាច្រើន ជាមួយនឹងអាជីវកម្ម លើការ អភិវឌ្ឍន៍អចលនទ្រព្យ ហិរញ្ញវត្ថុ វេជ្ជសាស្ត្រ ការផ្តល់សេវាកម្ម ម្ហូបអាហារ និងជាច្រើនផ្សេងទៀត។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃការិយាល័យរបស់ខ្លួននៅភ្នំពេញនាពេលនេះ លោកស្រី ស៊ែរិន លីវ Chief strategy officer របស់ GC Property បានលើកឡើងថា ការបើកដំណើរសាកល្បង របស់GC Property នាពេលនេះ គឺស្របពេល ដែលវិស័យអចលនទ្រព្យ ហាក់មានសន្ទុះ ប្រសើរឡើងវិញ បន្ទាប់ពីជួបផលប៉ះពាល់ខ្លះៗ ដោយសារជំងឺកូវីដ១៩ ជិត២ឆ្នាំមកនេះ ។
លោកស្រីថា វត្តមានរបស់ GC Property គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីធ្វើអោយប្រសើរឡើង នូវការទិញលក់ ផ្នែកអចលនទ្រព្យ អោយកាន់តែសកម្ម សំរាប់ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
បើតាមលោកស្រី ស៊ែរិន លីវ រយៈពេល២ឆ្នាំកន្លងមកនេះ មានបញ្ហាប្រឈមជាច្រើន លើវិស័យអចលនទ្រព្យបណ្តាមកពីវិបត្តិកូវីដ-១៩។ ដូច្នេះដំណោះស្រាយតែមួយគត់ដើម្បីយកឈ្នះលើរឿងទាំងអស់នេះ គឺត្រូវធ្វើការជាមួយគ្នា រីកលូតលាស់ជាមួយគ្នា ដើម្បីសម្រេចបានគោលដៅដ៍ល្អប្រសើរមួយជាមួយគ្នា៕