លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានស្នើឱ្យសមាគមន៍ជប៉ុនកម្ពុជា បន្តកៀគរអ្នកវិនិយោគបន្ថែមទៀតមកកម្ពុជា ក្នុងនោះគួរពិនិត្យបន្ថែមលើការវិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាត។
ការស្នើរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ដូចនេះបានធ្វើឡើងនៅក្នុង ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដែលដឹកនាំដោយ លោក Fumaiki TAKAHASHI ប្រធានសមាគមជប៉ុនកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២២ ។
លោក ស៊ុយ សែម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរ និងជួយដល់ការអភិវឌ្ឍវិស័យក្រសួង ក្នុងនោះរួមមាន ការសិក្សាស្រាវជ្រាវសក្តានុពលរ៉ែ ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី ការសាងសង់ខ្សែបណ្តាញបញ្ជូន គ្រឿងបរិក្ខាអគ្គិសនីជាដើម។
ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ភាគីជប៉ុន បានស្វែងយល់អំពីតួនាទីភារកិច្ច និងការគ្រប់គ្រងវិស័យរ៉ែ ថាមពល និងប្រេងកាត។ ហើយវិនិយោគិនជប៉ុន ក៏បង្ហាញចំណាប់អារម្មណ៍អំពីការវឌ្ឍននៃវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺការបង្កើនល្បឿនអន្តរកាលថាមពល ដែលជាការអភិវឌ្ឍថាមពលស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ អាចសន្សំសំចៃថាមពលបានខ្ពស់ និងមានអព្យាក្រឹត្យកាបូន។
គួរបញ្ជាក់ថា កាលពីដើមខែមេសា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានអះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនមកពីបណ្តាប្រទេសចំនួន៥ កំពុងចាប់អារម្មណ៍ និងសម្លឹងមើលអំពីលទ្ធភាពជីករុករកប្រេង និងឧស្ម័ននៅកម្ពុជាក្រោយក្រុមហ៊ុនបូមប្រេងរបស់សឹង្ហបុរីKrisEnergy បានប្រកាសក្ស័យធន់កាលពីដើមខែមិថុនា ឆ្នាំ២០២១ ។ ក្រសួងរ៉ែ និងថាមពល ចាត់ទុកថា វត្តមាននៃក្រុមហ៊ុនទាំងអស់នេះ ជាក្តីសង្ឃឹមថ្មីរបស់កម្ពុជាក្នុងការបន្តប្រតិបត្តិការបូមប្រេងឡើងវិញ ៕