រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ បង្ហើបតម្លៃ​ជិះ​ផ្លូវ​ល្បឿនលឿន​ដំបូង​គេ ​ទៅ​ខេត្ត​ព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ពី​តម្លៃ​នៃកា​រប្រើប្រាស់​ផ្លូវ​ល្បឿនលឿន ​បន្ទាប់​ពី​ចចារ​ជាមួយ​ក្រុមហ៊ុនសាងសង់ ខណៈ​កំណាត់​ផ្លូវ​ប្រវែង​ជិត ២០០ គីឡូម៉ែត្រ​​ គ្រោង​បញ្ចប់​និង​ដាក់​ឲ្យប្រើប្រាស់​នៅ​ពេល​ខាង​មុខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ​បា​ន​ឲ្យ​ដឹង​ថា​ ផ្លូវ​នេះ​នឹង​ដាក់​ឲ្យ​ពលរដ្ឋ​បើកបរ​មួយ​ខែ​ដោយ​ឥត​គិត​ថ្លៃក្រោយ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ។ ដោយឡែក​ទាក់ទង​ការ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​វិនិយោគ​ដោយ​ឯកជន​នេះ ក្រុមហ៊ុន​នឹង​គិត​តម្លៃ​នៅ​ឆ្នាំទីមួយ​តម្លៃ​ ១២ ដុល្លារ​សម្រាប់​ជិះ​ធ្វើ​ដំណើរ​​​។

បើ​តាម​លោក​រដ្ឋមន្រ្តី តម្លៃ​នេះ​ថោក​ជា​ផ្លូវល្បឿនលឿន​តាម​បណ្តា​ប្រទេស​នានា ដោយ​ជាមធ្យម​គេ​គិត​តម្លៃ ១០ សេន​ក្នុង​មួយគូឡូម៉ែត្រ ចឹង​ប្រហែល ១៨ ដុល្លារ​លើ​ប្រវែង​កំណាត់​ផ្លូវ​ល្បឿនលឿនទៅ​ខេត្តព្រះសីហនុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មក​ដល់​ពេល​នេះ​សម្រេចបាន៩០,៩៥% គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។

លោក​រដ្ឋមន្រ្តី​បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតា ដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤។

គួរ​បញ្ជាក់​ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕