ក្នុងនាមជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាអស់រយៈពេល១៨ឆ្នាំកន្លងមក នាពេលនេះរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយ បានប្តេជ្ញារួមគ្នាបន្តបពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត រឹងមាំ និងបន្តជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងអប់រំ។

ការប្តេជា្ញចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឌិញ ទៀន ហ្ស៊ុង (H.E Mr. DING TIEN DUNG) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

បន្ថែមពីនេះក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើង ពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់ ។

ជាមួយគ្នានេះ លោក DINH TIEN DUNG ក៏បានថ្លែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អភិបាលរាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ ដែលពិតជាបង្ហាញអោយឃើញពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជានិងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕