កម្ពុជានិងជប៉ុន ចាប់ផ្តើមសិក្សាប្លង់បច្ចេកទេសប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃ ២៤លានដុល្លារ ក្នុងខេត្តស្វាយរៀង

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តស្វាយរៀង និងទីប្រឹក្សាបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចាប់ផ្តើមសិក្សាប្លង់បច្ចេកទេសលម្អិត សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្វាយរៀង ដើម្បីឈានទៅចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ចើញចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារ JICA ដឹកនាំដោយឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង។

តាមរយៈកិច្ចពិភាក្សានេះ បានឲ្យដឹងថា គម្រោងនេះ គឺសាងសង់ឡើងក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ ភាគីទាំងពីរ ក៏បានពិភាក្សារលើការងារពាក់ព័ន្ធនិងទីតាំងសំណង់ស្ថានីយ៍បូមទឹកឆៅ ដែលប្រើប្រាស់ប្រភពទឹកទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។​

កាលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ជប៉ុនបានសម្រេចផ្ដល់ជំនួយឥតសំណងប្រមាណ ២៤លានដុល្លារ ដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

កិច្ចព្រមព្រៀងជំនួយ ត្រូវបានចុះហត្ថលេខាដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី កាមេ ហារុកូ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។

គម្រោងនេះ នឹងបង្កើតសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។

ការសាងសង់គម្រោងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងត្រូវប្រើប្រាស់ពេល ចំនួន២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ៕អត្ថបទ៖រង្សី