ដោយស្ថានភាពនៃជំងឺ កូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម បានផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូន ផលិតផល និងសេវាទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនា និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ។
បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រោយជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ានចំនួន១៨លើករួចមក ពិព័រណ៍ចិន-អាស៊ានលើកទី១៩ “The 19th China-ASEAN Expo 2022” គ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនតាមទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធអនឡាញ ។
ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមាន បំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អនឡាញ អោយមកបំពេញបែបបទនិងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់។
គួរបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន ត្រូវបានរៀបចំប្រចាំឆ្នាំនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយចាប់ផ្តើមរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើម និងការស្នើសុំដោយលោក វិន ជាបាវ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នាកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយត្រូវបានទទួលការស្វាគមន៍ពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។
ព្រឹត្តិការណ៍ពិព័រណ៍នេះជា វេទិកាមួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន និងជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន និង អាស៊ាន។ ពិព័រណ៍ចិន-អាស៊ាន សហការរៀបចំដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួង ពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ាន ទាំង១០ និងលេខាធិការដ្ឋានអាស៊ាន ៕