កម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ។
ការលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាង លោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតម៉ាល់ឌីវថា ការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នឹងបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
បើតាមលោករដ្ឋមន្រ្តី កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា។ ស្ថានភាពនេះគឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ។
ទាក់ទងការតភ្ជាប់ជើងហោះហើរ ប្រទេសទាំងពីរក៏បានស្នើសុំនិងមានការឯកភាពគ្នា ធ្វើយ៉ាងម៉េចជំរុញឱ្យមានការហោះហើរទៅវិញទៅមក។
លោករដ្ឋមន្រ្តីបានបន្តថា កម្ពុជានិងម៉ាល់ឌីវក៏បានព្រមព្រៀងគ្នា រៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយក៏ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខ ដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ៕