អគារថ្មី «តេជោអភិវឌ្ឍន៍» នៅក្នុងបរិវេនមន្ទីរពេទ្យកាលម៉ែត គិតមកទល់ពេលនេះសាងសង់សម្រេចបានប្រមាណជាង៩២ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងដំណើរដឹកនាំគណៈប្រតិភូចុះពិនិត្យមើលការងារសាងសង់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សំណង់អគារនេះ ជាការអភិវឌ្ឍមួយជំហាននៅក្នុងវិស័យសុខាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមានលក្ខណៈគ្រប់គ្រាន់ ដើម្បីថែទាំនិងព្យាបាលប្រជាពលរដ្ឋ បានល្អប្រសើរ មិនឲ្យចាញ់ប្រទេសគេ។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរមន្រ្ដីបុគ្គលិករបស់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំអស់ពីកម្លាំងចិត្ដ អនុវឌ្ឍនូវគោលនយោបាយ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា អគារថ្មី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសាងសង់នេះ មានគ្រែអ្នកជំងឺចំនួន៤៦៥ បើគិតជាម៉ែត្រការ៉េមានចំនួនជាង៤ម៉ឺនម៉ែត្រការ៉េ ដែលអាចថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ អគារនេះ ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសីលានិងបើកការដ្ឋានសាងសង់កាល ឆ្នាំ២០១៨ ។ អគារទំនើបនេះ មានបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប ៕