ក្មួយប្រសារនាយករដ្ឋមន្រ្តី បន្តកាន់តំណែង​អភិបាលខេត្តក្រចេះ

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ា ថន ដែលមានឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ អភិបាលខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តក្រចេះបន្ត សម្រាប់អាណត្ដិទី២។ នេះព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា ថន ចូលកាន់តំណែង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាល​ខេត្ត​ក្រចេះ​ជំនួស​លោក សរ ចំរុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ក្រោមវត្តមាន សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង។

អតីត​អភិបាល​ខេត្ត​ក្រចេះ សរ ចំរុង បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​នេះ អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​ តាំង​ពី​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​អតីត​អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ។

ក្នុងពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្តថ្មី សម្តេចក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ លោក វ៉ា ថន ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ដោយ​យុត្តិធម៌ ជៀសវាង​ការ​ទាមទារ​សេវា​កម្រៃ​ខុស​ច្បាប់ ធ្វើ​លិខិត​បទដ្ឋាន និង​គតិយុត្តិ​នានា។

លើស​ពី​នេះ ត្រូវ​បង្ក្រាប​បទ​ល្មើស គ្រឿងញៀន​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជន​បទ។ ត្រូវ​ហាម​មិន​ឲ្យ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស ត្រូវ​លុប​បំបាត់​ការ​នាំ​ទំនិញ​ចូល និង​ចេញ​ខុស​ច្បាប់ និង​ត្រូវ​ពិនិត្យ ឬ​បង់​ពន្ធ​ត្រឹមត្រូវ។

សម្តេចក្រឡាហោមបន្តថា អភិបាល​ខេត្ត​ថ្មី ដែល​ចូល​កាន់​តំណែង​នេះ បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ការងារ និង​ការ​សិក្សា​បាន​ច្រើន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាស់តឿន ទៅកាន់មន្ត្រីទាំងអស់ថា មុនឡើងមកធ្វើជាអភិបាលខេត្តណាមួយ ត្រូវឆ្លងកាត់តាមដំណាក់កាលជាមុនសិន មិនត្រូវហក់ឡើងពីអភិបាលស្រុក មកធ្វើអភិបាលខេត្តតែម្ដង គឺមិនល្អមើលនោះទេ។ សម្តេចបញ្ជាក់ថា មានមន្រ្តីខ្លះតួនាទីត្រឹមអភិបាលស្រុកសោះ តែចង់ហក់ឡើងមកធ្វើជាចៅហ្វាយខេត្តតែម្តង ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ឡើងបន្តពីលោក ស ចំរ៉ុងដែលជាអតីតអភិបាលខេត្តនេះ លោក វ៉ា ថន ត្រូវជាក្មួយប្រសាររបស់លោក ក្រោយពីឡើងកាន់តំណែងប៉ុន្មានខែក្រោយមក ព្រោះម្ដាយក្មេកលោក វ៉ា ថន ជាបងប្អូនជីដូនមួយរបស់សម្ដេចនាយករដ្ឋមន្រ្តី។

សូមជម្រាបថា លោក វ៉ា ថន មុនឡើងមកកាន់ជាអភិបាលខេត្តក្រចេះ ជាអតីតអភិបាលស្រុកព្រែកប្រសព្វ បន្ទាប់មកឡើងមកធ្វើអភិបាលរងខេត្ត ដល់ពេលលោក ស ចំរ៉ុង ចូលនិវត្តន៍ គឺលោក វ៉ា ថន ឡើងកាន់តំណែងអភិបាលខេត្តបន្ត៕