កម្ពុជា កាលពីថ្ងៃទី២៧ ខែមេសាម្សិលមិញ បានរៀបចំទទួលអាហារថ្ងៃត្រង់ជូនគណៈប្រតិភូវិនិយោគិនជប៉ុនមកពីក្រុមហ៊ុនចំនួន ២៧ ដែលជាសមាជិក នៃសមាគមជប៉ុន-កម្ពុជា នៅភោជនីយដ្ឋាន Fu Lu Zu សណ្ឋាគារសូហ្វីតែលភ្នំពេញ។

ការរៀបចំទទួលទានអាហារថ្ងៃត្រង់នេះ ធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូវិនិយោគិនជប៉ុនមកពីក្រុមហ៊ុនចំនួន ២៧ ដែលជាសមាជិក នៃសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុនចំនួន២៨ នៃគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅកម្ពុជាថា ជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។

ជាការថ្លែងតប ឯកឧត្តម Takahashi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានសម្របសម្រូលកម្មវិធីទស្សនកិច្ចលើកនេះ ជាពិសេសកម្មវិធីផ្គូរផ្គងស្វែងរកដៃគូអាជីវកម្ម (Business Matching) រវាងសមាជិកប្រតិភូ និងសម្ព័ន្ធសមាគមសហគ្រាសធនតូចនិងមធ្យមកម្ពុជា (FASMEC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។

គួរបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា (JCA) រួមជាមួយ សម្ព័ន្ធសមាគមសហគ្រាសធនតូចនិងមធ្យមកម្ពុជា (FASMEC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធី ផ្គូរផ្គងពាណិជ្ជកម្មនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុន និងខ្មែរ សរុបចំនួន ៩១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនជប៉ុនចំនួន ២៨ក្រុមហ៊ុន, ក្រុមហ៊ុនមកពីសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមចំនួន ៤៣ក្រុមហ៊ុន និងមកពីសមាគមសហគ្រិនវ័យក្មេងចំនួន ២០ក្រុមហ៊ុន និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា។

គួររម្លឹកថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកវិនិយោគជប៉ុនចូលមកកម្ពុជាមានការកើនឡើងក្នុងវិស័យជាច្រើនដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើប និងផ្សេងៗទៀត៕




