ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានរៀបចំកិច្ចសន្ទនាតុមូល កម្ពុជា-អូស្ត្រាលី ស្តីពីការវិនិយោគ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Andreas Zurbrugg ឯកអគ្គរាជទូតរងអូស្ត្រាលីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នចំនួន ១២ របស់រាជរដ្ឋាភិបាលកម្ពុជា វិនិយោគិនអូស្រ្តាលីដែលកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជាដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ៦០រូប។
នៅក្នុងកិច្ចសន្ទនាតុមូល លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានលើកឡើងថា គោលបំណងនៃកិច្ចសន្ទនាតុមូល គឺដើម្បីផ្តល់ឱកាសជូនវិនិយោគិន និងមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និងបញ្ហាប្រឈមនានា សំដៅរួមគ្នារកវិធីដោះស្រាយ។
លោក នុត អ៊ុនវ័ណរ៉ា បានបន្តថា កិច្ចពិភាក្សាក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការរៀបចំសៀវភៅស្តីពីឧត្តមានុវត្តន៍សម្រាប់កិច្ចសម្រួលវិនិយោគនៅកម្ពុជា ដែលគម្រោងនេះគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីផងដែរ។
ជាមួយគ្នានោះ លោក នុត អ៊ុនវ័ណរ៉ា ក៏បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចអនុញ្ញាតឱ្យមានការជួបប្រាស្រ័យគ្នាដោយផ្ទាល់ក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ។ កត្តានេះបានបង្ហាញថាកម្ពុជាជាប្រទេសមានសុវត្ថិភាព បានបើកទ្វារ និងរង់ចាំទទួលស្វាគមន៍ការវិនិយោគ។
លោក នុត អ៊ុនវ័ណរ៉ា ក៏បានអរគុណដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងស្ថានទូតអូស្ត្រាលីនៅកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជាក្នុងការជំរុញនិងទាក់ទាញវិនិយោគ និងការចូលរួមកសាងនិងលើកកម្ពស់សមត្ថភាពមន្ត្រីដែលមានភារកិច្ចពាក់ព័ន្ធនឹងកិច្ចការវិនិយោគនាពេលកន្លងមក និងនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ហើយកិច្ចការដែលយើងអនុវត្តរួមគ្នានាពេលនេះ មិនត្រឹមតែបានចូលរួមពង្រឹងដល់ចំណងមិត្តភាព និងទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕