គម្រោងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ដែលមានប្រវែង ២៧០០ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រនៅខែត្តកែប បានកំពុងដំណើរការជាប្រក្រតី ខណៈការស្ថាបនាផ្លូវបេតុង ៥ ខ្សែក្នុងគម្រោងក៏បានបញ្ចប់ ១០០%។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឲ្យដឹងថា គម្រោងទាំងនោះនឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍នៅក្នុងខេត្ត។
បើតាមលោកអភិបាលខេត្ត គម្រោងឆ្នេរខ្សាច់កម្សាន្តដែលមានប្រវែង ២,៧០០ម៉ែត្រ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន៥ខ្សែ ក្នុងនោះ វិថី២ខ្សែ និងអនុវិថី៣ខ្សែ ក៏បានកសាងរួចរាល់១០០%។ ដោយឡែកការចាក់ដីបំពេញក៏ស្ទើរតែហើយ១០០%ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគម្រោងដែលបានដាក់ចេញ។
កាលពីពេលថ្មីៗនេះ លោក ប៉ែន សុផល អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាជ្ញាធរខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាព ស្ដីពីគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង២,៧០០ម៉ែត្រ ទទឹង ១០០ម៉ែត្រ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្តបានស្នើសុំចាក់ពង្រីកឆ្នេរមួយគម្រោងដែលមានផ្ទៃដីជាង ៥ហិចតា និងបន្តចុះពិនិត្យតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ចំនួន៣ទីតាំង បន្ថែមទៀត។
រដ្ឋបាលខេត្តកែបបានសម្រុកចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែប ក្នុងគម្រោងអភិវឌ្ឍរមណីដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់។ ក្នុងគម្រោងការអភិវឌ្ឍរមណីយដ្ឋានឆ្នេរកម្សាន្តថ្មីនេះ នឹងផ្តល់លំហបន្ថែមសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរមកលេងខេត្តកែប។
ក្នុងគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តប្រណីតនេះនឹងមានការរៀបចំកន្លែងមើលទេសភាពវិថីចូលឆ្នេរសមុទ្រ ការសាងសង់បន្ទប់ទឹកសាធារណៈ ក៏ដូចជារៀបចំសួនច្បារបៃតងសាធារណៈនិងដាំដើមឈើជាដើម៕