រដ្ឋមន្ត្រីបរិស្ថាន៖ ពង្រឹងមូលដ្ឋាន​សេដ្ឋកិច្ចសហគមន៍​ ជាកូនសោរ​អភិរក្សជីវៈ​ចម្រុះប្រកប​ដោយប្រ​សិទ្ធ​ភា​ព និងនិរន្តរភាព

សង្គម​ និង​សេដ្ឋកិច្ច

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច​សហគមន៍ គឺជាកូន​សោរ​ក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ការ​លើកឡើងបែបនេះបានធ្វើឡើង​ក្នុងជំនួបរវាង​លោក​រដ្ឋមន្ត្រីជាមួយលោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់​អង់គ្លេស ដើម្បីពិភាក្សា​ការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងក្រោមមូលនិធិ BLF នេះនៅប្រទេសកម្ពុជាកាល​​ពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សាយ សំអាល់ បានពន្យល់ថា សម្រាប់កម្ពុជា អាទិភាពអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ​​ដោយ​ចីរភាព ការពង្រឹងអភិបាលកិច្ច និងការពង្រីកច្រកពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍​ចំពោះការពង្រីកកិច្ច​សហ​ប្រតិ​បត្តិ​កា​រ​​ពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ជាពិសេសការនាំចេញ​ផលិតផលសហគមន៍មូលដ្ឋាន ដូចជា អង្ករ (blueb​erry​ rice) ស្វាយចន្ទី និងចេក ការលក់ឥណ​​ទានកាបូន និងការវិនិយោគលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងការ​អភិ​វឌ្ឍទេ​សច​រណ៍។ ល្គឹកណា​​ប្រជាសហគមន៍មូលដ្ឋាននៅតែប្រឈមនឹងភាពក្រីក្រ យើងមិនអាចនិយាយ​អំពីកិច្ចការ​អភិរក្ស​​បានឡើយ។

ជាមួយគ្នានេះ លោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់​អង់​គ្លេស បានបញ្ជាក់ថា អាទិភាពអភិវឌ្ឍន៍ទាំងនេះឆ្លើយ​តបយ៉ាងវិជ្ជមាន​ទៅនឹង​គោល​ដៅ និង​គោលបំណង​​របស់​មូលនិធិ BLF ហើយលោកស្រី​នឹងជំរុញឱ្យមានការចុះអនុស្សរណៈ​នៃការ​យោគយល់រវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយមាន​ក្រសួងបរិស្ថានជាស្ថាប័នបង្គោល ក្នុងការ​អនុវត្តគម្រោងក្រោមមូលនិធិនេះ។

លោកស្រី បន្តថា មូលនិធិ BLF ផ្ដោតអាទិភាពលើការងារចំនួន ៣ គឺ ការកាត់​​បន្ថយ​ភាពក្រីក្រ ការអភិរក្សជីវៈចម្រុះ និង​ការ​ប្រែ​​​ប្រួលអាកាសធាតុ៕