លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឯកភាពចំពោះសំណើរបស់ក្រុមហ៊ុនCP ដែលត្រូវការកម្លាំងពលកម្មចំនួន២ពាន់នាក់សម្រាប់បម្រើការងារជូនដល់ក្រុមហ៊ុននៅប្រទេសថៃ ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាកន្លងមកនោះ។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រី និងលោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
លោករដ្ឋមន្ត្រី បានលើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅប្រទេសថៃ ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ។
ជាមួយគ្នានេះ លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនCP មានពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង១ម៉ឺននាក់ កន្លង មកពលករកម្ពុជាដែលបានធ្វើការ គឺមានភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ដូច្នេះក្រុមហ៊ុនត្រូវការពលករកម្ពុជាចំនួន២ពាន់នាក់បន្ថែមទៀត ដើម្បីជួយការងាររបស់ក្រុមហ៊ុន។
លោកអគ្គនាយករង បន្តថា ពលករកម្ពុជានឹងទទួលអត្ថប្រយោជន៍ស្មើៗគ្នាទៅនឹងពលកររបស់ប្រទេសដទៃផ្សេងទៀត។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន មានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយពលករធម្មតា ឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួលបានការសិក្សារៀនសូត្រ បំប៉មសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងផ្នែកនីមួយៗ របស់ក្រុមហ៊ុននាពេលអនាគត។ ក្រុមហ៊ុន CP មានអាជីវកម្មជាច្រើន ដែលកំពុងបណ្តាក់ទុនវិនិយោគ ចំនួន២១ប្រទេសទូទាំងពិភពលោក។
គួរបញ្ជាក់ថា ក្រុមហ៊ុន CP កម្ពុជា មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំមកហើយ ដំណើរការដ៏ជោគជ័យនេះ ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបក្រុមហ៊ុនមានដំណើរការអាជីវកម្មរីកចម្រើនមកទល់បច្ចុប្បន្ននេះ៕