គ្រោង​បង្កើត​ ភូមិ​ទេសចរណ៍​គំរូ​ ​ផ្អែក​លក្ខណៈពិសេសតាម​ភូមិនីមួយៗ​ទូទាំងប្រទេស​

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” ដោយភ្ជាប់​ទៅ​ស្ថានភាពជាក់ស្តែងនៃបណ្តាភូមិនានានៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរៀបចំនូវសេចក្តីព្រាងស្តង់ដា ”ភូមិទេសចរណ៍គំរូ” នេះធ្វើ​ឡើងក្រោមគំនិតផ្តួចផ្តើមពី​អង្គការទេសចរណ៍​ពិភពលោក (UNWTO) និងយោងទៅតាមគោលនយោបាយ ទេសចរណ៍ជាតិក្នុងការអភិវឌ្ឍ​កសិ-ទេសចរណ៍នៅតាមជនបទ ដើម្បី​ចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង ”ផែនទីចង្អុលផ្លូវ” របស់រាជរដ្ឋាភិបាលស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីត-១៩។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​បាន​ឲ្យ​ដឹង​ថា ភូមិទេសចរណ៍ត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខណៈពិសេសរបស់ភូមិនីមួយៗ ដោយភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌-ធម្មជាតិ បរិស្ថាន បេតិកភណ្ឌ សង្គម បុរាណវិទ្យា និងការប្រតិបត្តិតាមប្រពៃណីរបស់ភូមិនីមួយៗ។

លោក​បន្ត​ថា គោលបំណងក្នុងការ​រៀបចំ​ស្តង់ដា ”ភូមិទេសចរណ៍គំរូ” មាន ៤ ចំណុចធំៗ៖

១. ការអភិវឌ្ឍផលិតផលទេសចរណ៍ សំដៅដល់ការជំរុញទាក់ទាញទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីត-១៩។ ២. ផ្តើមចេញពីការអភិវឌ្ឍភូមិទេសចរណ៍ យើងអាចទាក់ទាញទាំងទេសចរក្នុងស្រុក ទាំងទេសចរ អន្តរជាតិឲ្យទៅទស្សនា និងកម្សាន្តនៅតាមជនបទ ដែលអាចបង្កើតការងារ និងចំណូលជាច្រើន បន្ថែមទៀតដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាកត្តាជួយកាត់បន្ថយភាពក្រីក្រនៅជនបទ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ទេសចរណ៍។ ៣. ផលបានមកពីការអភិវឌ្ឍ ”ភូមិទេសចរណ៍” គឺអាចឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការ អភិរក្សវប្បធម៌ និងធម្មជាតិ។ ៤. ដោយសារការងារ និងចំណូលបានមកពីវិស័យកសិ-ទេសចរណ៍ យើងក៏អាចទទួលជោគជ័យ ដល់កិច្ចខិតខំប្រឹងប្រែងគាំពារដល់បរិស្ថាន ព្រមទាំងជីវៈចម្រុះផងដែរ៕