ភ្នំពេញ៖ តំណាងសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅកម្ពុជា និងបានវាយតម្លៃថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២០ នឹងនៅតែល្អប្រសើរ មិនខុសគ្នាពីឆ្នាំ២០១៩ នោះឡើយ។

លោក ច្រឹក សុខនីម សមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុ បានឲ្យដឹងថា នៅដើមឆ្នាំ២០២០នេះ ចន្លោះពីខែ មករា ដល់ខែកុម្ភៈ ពុំទាន់មានការទិញ-លក់ដីធ្លីច្រើននៅឡើយ ប៉ុន្ដែបើទោះជាដូច្នេះក្តី ក៏មិនមែនមានន័យថា មានឧបសគ្គនោះឡើយ។
លោកពន្យល់ដូច្នេះថា «ខ្ញុំនៅតែមានគំនិតវិជ្ជាមានថា ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ច និងកំណើនអចលនទ្រព្យនៅកម្ពុជា នៅតែបន្ដរីកចម្រើនក្នុងចន្លោះ១៥ភាគរយ បើធៀបនឹងឆ្នាំមុនៗ ដោយសារតែកម្ពុជានៅតែរក្សាភាពរឹងមាំ ក្នុងវិស័យអចលនទ្រព្យ។ កត្តាដែលជំរុញឲ្យវិស័យអចលនទ្រព្យ នៅឆ្នាំ២០២០ បន្ដរឹងមាំ គឺអាស្រ័យលើកត្តាខុដូ ដោយបច្ចុប្បន្ននេះកំណើនខុនដូ មានការកើនឡើង, កំណើននៃបុរី, ផ្ទះល្វែងក៏មានច្រើនឡើង ប៉ុន្ដែបើប្រៀបធៀបចំនួនផ្ទះ និងចំនួនប្រជាជនក៏នៅតែមានការខ្វះខាតច្រើនដែរ ហើយការផលិតមិនទាន់គ្រប់គ្រាន់ ដូច្នេះទើបធ្វើឲ្យវិស័យអចលនទ្រព្យបន្ដកើនឡើង»។

កត្តាមួយទៀត គឺភាពរីកចម្រើននៅកម្ពុជា ដែលធ្វើឲ្យជីវភាព និងលទ្ធភាពរបស់ប្រជាជន មានការកើនឡើង ហើយក៏មានការចូលមកវិនិយោគពីវិនិយោគិន តាមបណ្ដាប្រទេសផ្សេងៗ។ ការចូលមកវិនិយោគរបស់វិនិយោគិនបរទេស គឺដោយសារយើងបានភ្ជាប់ប្រទេសកម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ាន, ភ្ជាប់កម្ពុជាទៅក្នុងសកល ដូច្នេះបានជាវិនិយោគិនសម្លឹងពីឱកាសវិនិយោគ និងសម្រុកចូលមកវិនិយោគនៅកម្ពុជា។ នេះជាការបន្ថែមរបស់លោក ច្រឹក សុខនីម។

លោកបានបន្ដទៀតថា «ប្រទេសកម្ពុជា អ្នកជំនាញវិស័យអចលនទ្រព្យ គេបានវាយតម្លៃថា ជាប្រទេស ដែលមានភាពទាក់ទាញបំផុត ពិសេសវិស័យអចលនទ្រព្យទេសចរណ៍ និងវិស័យអចលនទ្រព្យកសិកម្ម»។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ក៏បានមើលឃើញពីការកត្តាសន្ដិភាពផងដែរ ដែលបានជួយរុញច្រានវិស័យអចលនទ្រព្យកម្ពុជា កាន់តែរីកចម្រើន។ លោកថា ប្រសិនបើមិនមានសន្ដិភាពទេ យើងនឹងមិនអាចរត់ឆ្ពោះទៅរកភាពរីកចម្រើនបានឡើយ៕ អត្ថបទ៖ សិរិកា