សាខាពន្ធដារខេត្តកណ្ដាល បានប្រកាសតែងតាំងលោក ងួន សុវណ្ណ ជាប្រធានសាខាពន្ធដារខេត្តថ្មី ជំនួស លោក នុត វុត្ថា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី។ ពិធីប្រកាសតែងតាំង បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ នាសាលាខេត្តកណ្ដាល ក្រោមវត្តមាន លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត និងលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ។

ជាមួយនឹងមុខតំណែងថ្មី លោក ងួន សុវណ្ណ បានប្តេជ្ញាចិត្តថានឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យបានល្អ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធដាខេត្តកណ្ដាលនឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឱ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ ។

ថ្លែងក្នុងពិធីនេះ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានកោតសរសើរចំពោះការខិតខំកន្លងមករបស់ អតីតប្រធានសាខាពន្ធដារខេត្តកណ្ដាលដែលបានសម្រេចនូវស្នាដៃប្រមូលពន្ធជូនរដ្ឋបានកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះជាទឹកតាំងស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តការខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋឱ្យបានច្រើន ដើម្បីយកមកអភិវឌ្ឍន៏ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៏ ក្នុងខេត្តកណ្ដាលនៅលើគ្រប់វិស័យ។
ដោយឡែកលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ បានលើកឡើងដែរថា ការប្រកាស និងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ បើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព ។

លោក បន្តថា កត្តាដែលធ្វើឱ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាព ធ្វើឱ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឱ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់។
គួរបញ្ជាក់ថា ចំណូលពន្ធអាករគ្រប់ប្រភេទដែលសាខាពន្ធដារខេត្តប្រមូលបានក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គឺទទួលបានគ្រប់ និងលើសផែនការជារៀងរាល់ឆ្នាំ សម្រាប់ ត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ ក៏ទទួលបានលទ្ធផលគាប់ប្រសើរដែរ ពោលគឺសម្រេចប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានចំនួន ៣១,០២៨,០០០,០០០ រៀល ( សាម សិបមួយប៊ីលានម្ភៃប្រាំបីលានរៀល) ដែលស្មើនឹង៤១,០៤% នៃផែនការ។ សាខាពន្ធដារខេត្ត ក៏បានបង្ហាញ ក្តីរំពឹងទុកដែរថា ឆ្នាំនេះនឹងអាចលើសផែនការដូចឆ្នាំមុនៗកន្លងមកទៀតផងដែរ ៕

