ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចាប់ពីពេលនេះទៅកម្លាំងនគរបាល និងក្រុមអាទិភាពចាប់ចាក់វ៉ាក់សាំងដល់ដូសណានោះ សិស្សានុសិស្សត្រូវចាក់ដល់ដូសនោះដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍បន្តថា« “សិស្សានុសិស្សទាំងអស់ ត្រូវបានចាត់ទុកជាក្រុមអាទិភាពជួរមុខសម្រាប់ការទទួលយកវ៉ាក់សាំង ដើម្បីការពារសុខភាព និងជំរុញដល់ការសិក្សាកាន់តែរឹងមាំរបស់សិស្សានុសិស្សទាំងអស់នៅកម្ពុជា។ ពេលនេះខ្ញុំបានសម្រេច ដាក់ក្រុមសិស្សានុសិស្សទាំងអស់នៅកម្ពុជា គឺជាអាទិភាពទី២ នៃការចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកជួរមុខ ហើយ ការផ្តល់វ៉ាក់សាំង ក្រៅពីមន្រ្តីជួរមុខ មិនថាដូសទី៣ ឬទី ៤ ទេ កូនសិស្សត្រូវដើរដល់ទីនោះដែរ»។
នាពេលនោះដែរ សម្តេចឲ្យដឹងទៀតថា នាពេលនេះស្ថានភាពគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានភាពល្អប្រសើរ ទើបមានជំនួបជាមួយសិស្សនិទ្ទេសអេ នៅព្រឹកថ្ងៃនេះឡើង។ជាមួយគ្នានេះ សម្តេច ក៏បានកោតសរសើរក្រសួងអប់រំ យុជន និងកីឡា បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ ដែលបានជម្នះការលំបាកប្រឈមមុខនឹងជំងឺកូវីដ-១៩។
គួរបញ្ជាក់ដែរថា ការប្រកាសដាក់សិស្សានុសិស្សទាំងអស់ទូទាំងប្រទេស ទៅជាក្រុមអាទិភាពទី២ នៃការចាក់វ៉ាក់សាំងនាពេលនេះ ខណៈសិស្សានុសិស្សនៅកម្ពុជាទាំងអស់ មានប្រមាណរហូតដល់ជាង៣លាននាក់។នេះបើតាមការឲ្យដឹងបន្ថែមពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕