លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសន្យាផ្តល់នូវការសម្របសម្រួលជូនដល់ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ពីលទ្ធផលនៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងជាប្រធានអាស៊ាន និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។
លោក មីង អោង ឡាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិដែលកំពុងមាននា ពេលបច្ចុប្បន្ន និងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសភាពការណ៍ថ្មីៗនៅ មីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើហិង្សាជាបន្តបន្ទាប់ ការប្រកាសពីឆន្ទៈក្នុងការចរចាកិច្ចព្រម ព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទាំងអស់ និងការចែកចាយ ជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥៨កន្លែងនៅមីយ៉ាន់ម៉ា ។
ក្នុងជនួបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្រប សម្រួលដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាច នឹងធ្វើឡើងនៅចុងខែឧសភានេះ។
សម្តេចតេជោ ក៏បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុញ្ញាតឱ្យប្រេសិត ពិសេសបានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស្រី អ៊ុង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម្ញីន សំដៅជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។
ជាការឆ្លើយតប លោក មីង អោងឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះ។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ប្រាប់ លោក មីង អោងឡាំង ឱ្យដឹងថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗនូវអាទិភាពបន្ទាន់៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។
អាទិភាពបន្ទាន់ទាំង៣នោះរួមមាន៖ ១៖ ការបញ្ឈប់អំពើហិង្សា, ២៖ ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង ៣៖ ការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន៕