លោកជំទាវ ឌិត នីតា ភរិយារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំក្រុមការងារចុះបេសកកម្ម ដើម្បីស្វែងយល់ពីជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

គោលបំណងការចុះបេសកកម្មនេះគឺដើម្បីពិនិត្យមើលពីភាពរីកចម្រើន និងលទ្ធផលការងារដែលសម្រេចបាននៅសហគមន៍គោលដៅរបស់គម្រោង។ មួយវិញទៀតក៏ដើម្បីស្វែងយល់ រៀនសូត្រពីបទពិសោធន៍នៃការបញ្ជ្រាបយេនឌ័រ និងការជំរុញការចូលរួមរបស់ស្រ្តីក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈយន្តការនិរន្តភាពហិរញ្ញវត្ថុ ។
បញ្ជាក់ដែរថា ដំណើរបេសកកម្មនៃភរិយារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀតគឺមានរយៈពេលពីរថ្ងៃកាលពីចុងសប្តាហ៍ ដែលបានចុះទៅសហគន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តកំពង់ធំ។
ក្នុងដំណើរទស្សនកិច្ចនោះ ក៏មានការពិភាក្សាជាមួយគណៈកម្មការសហគមន៍ ដើម្បីស្វែងយល់ពីស្ថានភាពក្នុងដំណើរការរៀបចំ និងការគ្រប់គ្រងសហគមន៍ និងបទពិសោធន៍ការងារស្រ្តីក្នុងការចូលរួមការគ្រប់គ្រងឥណទានសហគមន៍តំបន់ការពារធម្មជាតិដែលគាំទ្រដោយអង្គការរីខូហ្វ។
ដំណើរទស្សនកិច្ចសិក្សានេះ មានការសម្របសម្រួលរៀបចំឡើងដោយក្រុមការងារស្រ្តី និងក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រសួងបរិស្ថាន និងក្រោមកិច្ចសហការពីអង្គការរីខូហ្វ (RECOFTC) ដោយមានសមាសភាពចូលរួមប្រមាណ ៨០ នាក់៕



