សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញការសាទរ និងគាំទ្រចំពោះចំណាត់ការទប់ស្កាត់ការលួចនាំចូលជ្រូករស់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងរបស់អាជ្ញាធរខេត្តស្វាយរៀង។ ការបង្ហាញការសាទរនិងគាំទ្រចំណាត់របស់អាជ្ញាធរនេះ បានធ្វើឡើងក្រោយមួយថ្ងៃនៃការដាក់ចេញវិធានការស្តីពីការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីណែនាំស្តីពីចាត់វិធានការទប់ស្តាត់ការលួចនាំចូលជ្រូករស់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង តាមការស្នើសុំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា” ។
ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ប្រកាសសហការជាមួយស្ថាប័នពាក់ពាន់នានាដើម្បីអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរខេត្តស្វាយរៀងផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញវិធានការទប់ស្តាត់ការលួចនាំចូលជ្រូករស់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងក្រោយពីបានពិនិត្យឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូល តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យ បានត្រឹមត្រូវ និងមួយផ្នែកធ្វើឱ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។
ក្នុងនោះ ដើម្បីចូលរួមទប់ស្កាត់បញ្ហានេះ រដ្ឋបាលខេត្តស្វាយរៀង បានណែនាំ ស្នងការនគរបាលខេត្ត វរនគរបាល យោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ នៅតាមព្រំដែនត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូល រួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច ពាក់ព័ន្ធតាមបណ្តាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជា ប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពោះជនល្មើសមក ផ្តន្ទាទោសតាមច្បាប់ ៕