ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ពោធដាក់ឱ្យប្រើប្រាស់ «ផ្ទះបាយអង្គរ» ក្នុងគោលបំណងទាក់ទាញភ្ញៀវបរទេសឱ្យបានស្គាល់ពីម្ហូបប្រពៃណីខ្មែរ នៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការបង្កើត “ផ្ទះបាយអង្គរ” គឺជាការកែទម្រង់ផ្ទៃក្នុង ដែលជាផ្នែកមួយនៃការទូតអាហារ ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច២០២១-២០២៣ របស់ក្រសួងនិងការគាំទ្រទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោក ប្រាក់ សុខុន ថ្លែងថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនគ្មានអាហារគ្រប់គ្រាន់ ដើម្បីទទួលទាន លើកលែងតែអង្គការចាត់តាំងហៅតែប៉ុណ្ណោះ ដូច្នេះពិធីសម្ពោធ ផ្ទះបាយអង្គរ នាពេលនេះកម្ពុជាចង់បណ្តាទូត និងប្រទេសជាដៃអាស៊ានចូលរួមពិសាររួមគ្នា ដោយក្តីសប្បាយរីករាយ។
បើតាមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្ទះបាយអង្គរ នឹងមានការបណ្តុះបណ្តាលនឹងជួយដល់អ្នកជំនាញក្នុងវិស័យម្ហូបអាហារបានរៀនសូត្រ និងស្វែងយល់បន្ថែមអំពីការចម្អិនម្ហូបប្រពៃណីរបស់ខ្មែរសម្រាប់ជូនភ្ញៀវបរទេសពិសារ និងបានស្គាល់ពីរសជាតិម្ហូបនីមួយៗ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា នេះគឺជាថ្ងៃវិសេសវិសាល និងជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ មិនមែនសម្រាប់តែវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ចក្ខុវិស័យ និងគោលដៅចំបងជារួមក្នុងវិស័យការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកបន្ថែមថា នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។ «ផ្ទះបាយអង្គរ» ដែលបានសម្ពោធជាផ្លូវការនៅ NIDIR ថ្ងៃនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើកឆាកអន្តរជាតិ៕




