លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីនាំពាក្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបចំពោះការផ្សាយព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល ពីសំណាក់ក្រុមបំពុលសង្គម និងក្រុមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅក្រៅប្រទេស។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ដល់មន្ត្រីនាំពាក្យរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ការផ្ដល់ព័ត៌មានពិត និងទាន់ពេលវេលា គឺជារឿងចាំបាច់ដែលមន្ត្រីនាំពាក្យត្រូវធ្វើ ដើម្បីបន្សាបព័ត៌មានមិនពិត។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការសហការគ្នានៅតាមបណ្តាមន្ទីរស្ថាប័នពាក់ព័ន្ធ ហើយប្រមូលទិន្និន័យព័ត៌មាន ឆ្លើយតបទាន់ពេលទៅកាន់អ្នកព័ត៌មានដែលបានចោទសួរ គឺជារឿងល្អមួយ ក្នុងការផ្ដល់ព័ត៌មានពិត សុក្រឹត ត្រឹមត្រូវតាមវិជ្ជាជីវៈ ជាជាងទៅឈ្លោះជាមួយអ្នកសារព័ត៌មាន ដែលទង្វើនេះនឹងធ្វើឱ្យកាន់តែខូចប្រយោជន៍ប៉ុណ្ណោះ។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានលើកឡើងដែរថា ដោយសារបច្ចុប្បន្ន វិស័យឌីជីថលមានការអភិវឌ្ឍកាន់តែខ្លាំងក្លា ការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គម ក៏កាន់តែសម្បូរណ៍បែប ដោយមានទាំងផលវិជ្ជមាន និងអវិជ្ជមាន ទន្ទឹមគ្នា ដូច្នេះ ក្នុងនាមជាមន្ត្រីនាំពាក្យតាមបណ្តាស្ថាប័នរដ្ឋ និងក្រសួងពាក់ព័ន្ធត្រូវមានការវិវត្តខ្លួន ដើរឱ្យទាន់សម័យបច្ចេកវិជ្ជាទំនើបនេះ និងដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតពីក្រុមបំពុលសង្គម និងក្រុមប្រឆាំងដែលមាននិន្នាការផ្តួលរំលំរាជរដ្ឋាភិបាល ដោយការផ្សាយព័ត៌មានបង្កាច់បង្ខូច បំភ្លៃ បំប៉ោង បំផ្លើស ដើម្បីបម្រើមហិច្ឆតារបស់ពួកគេ។
បន្ថែមលើនេះ លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ផងដែរ ពីការអនុវត្តគោលនយោបាយកែទម្រង់មុតស្រួច លើវិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីរក្សាបាននូវសុខសន្តិភាព ដែលកម្ពុជាប្រឹងរកបានយ៉ាងលំបាក ខណៈដែលក្រុមជនមាននិន្នាការប្រឆាំង ក៏កំពុងប្រជែងយកមធ្យោបាយលំហព័ត៌មាន តាមប្រព័ន្ធឌីជីថលនេះ មកធ្វើការវាយប្រហារលើរាជរដ្ឋាភិបាលដូចគ្នាផងដែរ។

ថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី ៣ ខែឧសភាម្សិលមិញ ក្រោមមូលបទ «ព័ត៌មានក្រោមសម្ពាធឌីជីថល» លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាអធិបតីនៅក្នុង បានថ្លែងថា អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គម។
លោកបន្តថា អ្នកសារព័ត៌មាន ត្រូវបំពេញការងារក្នុងសិរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។
បើតាមលោក ហ៊ុន មា៉ណែត អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ៕